អង្គការ​អភិរក្ស​ជំរុញ​ឲ្យ​បញ្ឈប់​បំផ្លាញ​ជម្រក​សត្វព្រៃ

សត្វ​ទន្សោង​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ត្នោត​កន្លង​មក​។

ប្រភពភ្នំពេញប៉ុស្តិ៍ៈ អង្គការ​អភិរក្ស​កំពុង​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ចាត់​វិធានការ​ជាបន្ទាន់​ដើម្បី​បញ្ឈប់​ «​អត្រា​បំផ្លាញ​យ៉ាង​លឿន​» ​ទៅលើ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ដែល​ទើប​ត្រូវ​បាន​បង្កើត​កាលពី​ពេល​ថ្មីៗ​នៅក្នុង​ខេត្ត​ព្រះវិហារ ដែល​ពពួក​សត្វ​ជិត​ផុត​ពូជ​មួយ​ចំនួន​ត្រូវ​បាន​រកឃើញ​នៅក្នុង​តំបន់​ការពារ​នេះ​។

ក្រុម​អង្គការ​បរិស្ថាន​ចំនួន​​ ៨ រួមទាំង​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​អង្គការ​សង្គម​អភិរក្ស​សត្វព្រៃ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​ ១៨ ​ខែ​មេសា​ឆ្នាំ​ ២០១៨ ​ដោយ​សម្ដែង​ «​ក្តីបារម្ភ​យ៉ាង​ខ្លាំង​» ​ចំពោះ​ស្ថានភាព​ក្នុង​ដែនជម្រក​សត្វព្រៃ​នេះ​។

ក្នុង​ចំណោម​ពពួកសត្វ​ជិត​ផុត​ពូជ​ដែល​កំពុង​ស្ថិត​នៅ​ក្នុងការ​គំរាមកំហែង​នៅ​ដែនជម្រក​សត្វព្រៃ រួមមាន​សត្វ​គោព្រៃ ខ្លារខិន ខ្លាឃ្មុំ​ព្រះអាទិត្យ ទោច សត្វ​ពង្រូល ឆ្កែព្រៃ និង​ពពួកសត្វ​បក្សី​ទឹកធំៗ​ជាច្រើន​ដទៃៗ​ទៀត​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​។

ក្តីបារម្ភ​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កាលពី​ខែ​មុន​បាន​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ស្នួល​ក្នុង​ខេត្ត​ក្រចេះ និង​ដែនជម្រក​សត្វ​ព្រៃ​រនាម​ដូន​សំ​ក្នុង​ខេត្ត​បាត់ដំបង បន្ទាប់ពី​តំបន់​ការពារ​ទាំង​ ២ ​ត្រូវ​បាន​រកឃើញ​ថា ត្រូវ​បាន​ឈូសឆាយ​ទាំង​ស្រុង និង​ខុស​ច្បាប់​។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ទាំង​នេះ​បាន​លើក​ឡើង​ថា​៖ «​ដូច​កើត​មាន​កាន់តែ​ច្រើនឡើង ករណី​នៅ​ក្នុង​តំបន់​ការពារ​ដទៃៗ​ទៀត​ទូទាំង​ប្រទេស​កម្ពុជា​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​ជួប​ការរំលោភ​បំពាន​ខ្លាំងក្លា តាមរយៈ​ការរំលោភ​យក​ដី​ដើម្បី​ទុក​លក់ ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​បរបាញ់​ខុស​ច្បាប់​ទៅ​ពពួក​សត្វព្រៃ​កម្ពុជា​»​។ «​ប្រសិន​បើ​មិន​មាន​វិធានការ​ជា​បន្ទាន់​ដោយ​អាជ្ញាធរ​ដើម្បី​អនុវត្ត​នីតិរដ្ឋ និង​ការពារ​បេតិកភណ្ឌ​ធម្មជាតិ​នេះ​ទេ ធនធាន​ធម្មជាតិ​ទាំង​នេះ​អាច​នឹង​ត្រូវ​ខូចខាត​ ឬ​បាត់បង់​មិន​អាច​ត្រឡប់​មក​វិញ​បាន​»​។

លោក សៅ សុភាព អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន ខណៈ​លោក ស្រ៊ុន ដារិន ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ផង​ដែរ​នោះ​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ទេ​។

ទោះ​យ៉ាង​ណា​ក្តី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង បរិស្ថាន​បាន​បង្ហោះ​សេចក្តី​ថ្លែងការណ៍​សង្ខេប​មួយ​ដោយ​បាន​និយាយ​សម្រាល​ចំពោះ​ការលើក​ឡើង​របស់​អង្គការ​ទាំងនេះ​ដោយ​ថ្លែង​ថា​អង្គការ​ទាំងនេះ​បាន​អបអរ​សាទរ​រដ្ឋាភិបាល​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​បាន​គាំទ្រ​អាជ្ញាធរ​ក្នុង​ការចាត់​វិធានការ​ប្រឆាំង​នឹង​ការរំលោភបំពាន​ប្រឆាំង​នឹង​អ្នក​កាប់​ឈើ​ខុស​ច្បាប់​អ្នក​បរបាញ់​ដើម្បី​ធានា​ឲ្យ​មាន​ការ​អភិរក្ស​នៅក្នុង​តំបន់​ការពារ​ជាពិសេស​នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​។

អង្គការ​ទាំង​នេះ​នៅក្នុង​សេចក្តី​ផ្តើម​របស់​ខ្លួន​បាន​ទទួល​ស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ពី​មុន​ពេល​សម្ដែង​ក្តីបារម្ភ​របស់​ខ្លួន​។

លោក កែន សេរីរដ្ឋា នាយក​ប្រចាំ​ប្រទេស​សម្រាប់​អង្គការ​សង្គម​អភិរក្ស​សត្វព្រៃ​បាន​ថ្លែង​ថា​ការ​រំលោភ​យក​ដីធ្លី​ និង​ការ​បរបាញ់​សត្វ​ព្រៃ​នៅ​តែ​បន្ត​ជា​ក្តីបារម្ភ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ទេ​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​វា​នឹង​ «​យឺត​ពេល​»​។ លោក សេរីរដ្ឋា បាន​បន្ទោស​ក្រុម​ផ្សេងៗ​ចំពោះ​បទល្មើស​ទាំង​នោះ​រួមទាំង​ «​ក្រុម​ឆ្លៀត​ឱកាស​» ​ថា​ជា​អ្នក​ជួយ​ឈូស​ឆាយ​ដី​។ លោក​ថ្លែង​ថា​៖ «​វា​ជា​បញ្ហា​ប្រឈម​ធំ​មួយ​»​។

លោក​បន្ថែម​ថា​រដ្ឋាភិបាល​ត្រូវការ​អនុវត្ត​ច្បាប់​ និង​អប់រំ​ប្រជាជន​អំពី​ថា​តើ​នរណា​មាន​សិទ្ធិ​ចំពោះ​តំបន់​នោះ​។

លោក សេរីរដ្ឋា បាន​ថ្លែង​ថា​លោក​ក៏​ត្រូវ​បាន​ប្រាប់​ផង​ដែរ​ថា​តំបន់​នេះ​មិន​មាន​អ្នក​ល្បាត​បរិស្ថាន​ច្រើន​ទេ​។ លោក​បន្ត​ថា​៖ «​ក្រសួង​បរិស្ថាន​ត្រូវការ​បង្កើន​ថវិកា​ដើម្បី​មាន​មនុស្ស​ច្រើន​ជាង​មុន​នៅ​មូលដ្ឋាន​»​។

លោក​ ផា ស៊ីណា នៅ​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​បាន​ថ្លែង​ថា​មាន​អ្នក​ល្បាត​បរិស្ថាន​តែ​ ៣ ​នាក់​នៅ​ដែន​ជម្រក​នេះ និង​សមាជិក​ល្បាត​សហគមន៍​ ២-៣ ​នាក់​ទៀត​សម្រាប់​តំបន់​មួយ​មាន​ទំហំ​ ៤២០៩៧ ​ហិកតា​នៃ​ដីព្រៃ​ឈើ​។ សកម្មភាព​ខុស​ច្បាប់​នៅ​ដែន​ជម្រក​នេះ​ «​គឺជា​ក្តីបារម្ភ​ធ្ងន់ធ្ងរ​»​។

លោក​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ការ​ស៊ើបអង្កេត​ហ្មត់ចត់​ដែល​នាំ​ជនល្មើស​ទៅ​តុលាការ​គឺ​ត្រូវការ​ឲ្យ​មាន​»​។ «​ទន្ទឹម​នេះ​ការបង្កើន​ចំនួន​មន្ដ្រី​ល្បាត​នៅ​មូលដ្ឋាន និង​ការ​អនុវត្ត​ការ​ល្បាត​ទៀងទាត់ និង​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង​គឺជា​សកម្មភាព​សំខាន់​។ វា​សំខាន់​ដែល​ត្រូវ​ដាក់​មន្ត្រី​ល្បាត​ដែល​មាន​ការបណ្តុះ​បណ្តាល​ និង​មាន​ប្រសិទ្ធភាព​សម្រាប់​ការការពារ​ និង​អនុវត្ត​»​។

លោកស្រី Sharyn Davis និង​ប្តី​របស់​លោកស្រី លោក Ben Davis បាន​សាងសង់​ផ្ទះ​មួយ​នៅ​កណ្តាល​ព្រៃ​ក្នុង​ខេត្ត​ព្រះវិហារ​កាលពី​ឆ្នាំ ២០១៥ ​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​តំបន់​នេះ​ហើយ​ចាប់តាំងពី​ពេល​នោះ​មក​បាន​បង្កើត​អាជីវកម្ម​អេកូ​ទេសចរណ៍​នៅ​ក្នុង​ព្រៃ​សហគមន៍​ដែល​ជា​ផ្នែក​នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​តែ​មាន​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​បង្កើត​កន្លែង​នេះ​សម្រាប់​គោលបំណង​ការពារ​ព្រៃ​នៅ​ទី​នេះ​»​។ «​បញ្ហា​ធំ​បំផុត​គឺ​ការ​បរបាញ់​សត្វព្រៃ ការឈូស​ឆាយដី និង​ការកាប់​ឈើ​។ យើង​ឃើញ​វា​ជា​រៀងរាល់​ថ្ងៃ​»​។

លោកស្រី Davis ដែល​ប្តី​របស់​លោកស្រី ជួយ​ល្បាត​តំបន់​នេះ​បាន​និយាយ​ថា ជនល្មើស​សំខាន់ៗ​សម្រាប់​ផ្នែក​ភាគច្រើន​បំផុត​គឺ​អ្នកភូមិ​នៅ​មូលដ្ឋាន​ និង​អ្នក​ខាង​ក្រៅ​ដែល​មក​តាំងពី​ខេត្ត​បាត់ដំបង​។ លោកស្រី​បន្ត​ថា​នៅ​ពេល​មនុស្ស​ទាំង​នោះ​ត្រូវ​បាន​ចាប់​នៅ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ និង​មិន​មាន​ការ​ដាក់​ទោស​ទណ្ឌ «​មនុស្ស​កាន់តែ​ច្រើន​ឡើង​ឃើញ​កាន់តែ​មក​» ​ហើយ​ធ្វើ​ដូចគ្នា​នេះ​។

សេចក្តី​ថ្លែងការណ៍​នេះ​លើកឡើង​ថា​ជម្រក​ធម្មជាតិ និង​ពពួក​សត្វព្រៃ​ផ្តល់​មុខងារ​អេកូឡូស៊ី​យ៉ាង​សំខាន់​ព្រម​ទាំង​​ជីវភាព​និរន្តរភាព​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​ហេតុ​ដូច្នេះ​យើង​ជំរុញ​រាជរដ្ឋាភិបាល​កម្ពុជា​មេត្តា​ចាត់​វិធានការ​សមស្រប​ដោយ​មិន​ពន្យារពេល ប្រឆាំង​នឹង​អ្នក​រំលោភ​បំពាន​ដីធ្លី អ្នក​កាប់​ឈើ​ខុសច្បាប់ និង​អ្នក​បរបាញ់​សត្វព្រៃ​ដើម្បី​ធានា​នូវ​ការការពារ​និង​ការគ្រប់គ្រង​ប្រកប​ដោយ​ចីរភាព​ចំពោះ​តំបន់​ការពារ​សំខាន់​នេះ​សម្រាប់​មនុស្ស​ជំនាន់​បច្ចុប្បន្ន​ និង​ជំនាន់​ក្រោយ​»​។

លោក ស៊ីណា នៅ​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​មិន​មាន​វិធានការ​ឆ្លើយតប​ដោយ​អាជ្ញាធរ​សមស្រប សកម្មភាព​ខុសច្បាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​នឹង​ទំនង​ជា​កើនឡើង​ដែល​ប៉ះពាល់​ដល់​សហគមន៍​មូលដ្ឋាន និង​បរិស្ថាន​»៕

Be the first to comment

Leave a Reply

Your email address will not be published.


*