ការ​ថែរក្សា​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​និង​សត្វ​ក្នុង​តំបន់​នេះ

ទេសភាព​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា។

ប្រភពវិទ្យុអាស៊ីសេរីៈ ការ​ចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​នេះ​ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង អាច​ទទួល​បាន​ប្រាក់ចំណូល​ប្រចាំថ្ងៃ និង​រួមគ្នា​ការពារ​ជីវចម្រុះ​នៅ​ក្នុង​តំបន់។ ពលរដ្ឋ​នៅ​ក្នុង​តំបន់​អភិរក្ស​នេះ​បាន​រៀបចំ​តំបន់​ការពារ​ព្រៃឈើ និង​សត្វព្រៃ​មួយ​នេះ​ឲ្យ​ក្លាយ​ជា តំបន់​អេកូទេសចរណ៍​ដើម្បី​ទាក់ទាញ​ទេសចរ​មក​លំហែ​កម្សាន្ត និង​មើល​សត្វព្រៃ​កម្រ។

ភាព​សម្បូរ​បែប​នៃ​ជីវចម្រុះ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា បាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ជាង ២០​សហគមន៍ អាច​ទទួល​បាន​ចំណូល​ប្រចាំថ្ងៃ តាមរយៈ​ការ​ថែរក្សា និង​ការពារ​បរិស្ថាន​នៅ​ក្នុង​តំបន់​នេះ។

ក្រុម​ពលរដ្ឋ​បង្កើត​តំបន់​អេកូ​ទេសចរណ៍ ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរណ៍​សម្រាក​នៅ​តំបន់​នោះ​បាន ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​ក៏​ទទួល​បាន​កម្រៃ​ពី​ការ​នាំ​ភ្ញៀវ​ទេសចរ​ដែល​ចង់​ដើរ​កម្សាន្ត​មើល​ព្រៃ​ព្រឹក្សា និង​សត្វព្រៃ​កម្រ​ក្នុង​ដែន​ជម្រក​សត្វ​កែវ​សីមា។

បុរស​ជនជាតិដើម​ភាគតិច​ព្នង ឈ្មោះ ធឿន ស្រូវ ដែល​មាន​មាឌ​មាំ សម្បុរ​ខ្មៅ​ស្រអែម លោក​ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​ចូល​ព្រៃ​មើល​សត្វ។ បុរស​វ័យ​ជាង​ជិត​៥០​ឆ្នាំ​រូប​នេះ រស់នៅ​ភូមិ​អណ្ដូងក្រឡឹង ឃុំ​សែន​មនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ហើយ​លោក​ក៏​ជា​ប្រជា​សហគមន៍​ម្នាក់ ក្នុងចំណោម​ប្រជា​សហគមន៍​ផ្សេងទៀត ដែល​បាន​ចូលរួម​ការពារ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា។

ជនជាតិ​ព្នង​រូប​នេះ ត្រូវ​ក្រោក​នាំ​ភ្ញៀវ​ចូល​ព្រៃ​នៅ​ម៉ោង​៥​ទៀបភ្លឺ ទើប​អាច​មើល​ឃើញ​សត្វ​កម្រ​នៅ​ក្នុង​តំបន់​នោះ៖ «ភ្ញៀវ​មក​ម្តងៗ​ជា​អ្នក​បរទេស​ហ្នឹង​គេ​ឲ្យ​ពួក​ខ្ញុំ​ជូន​ទៅ​មើល ចេញ​តាំង​ពី​ម៉ោង​៥ ដល់​ម៉ោង​៨​ព្រឹក បាយ​ព្រឹក​នៅ​ក្នុង​ហ្នឹង(នៅ​ក្នុង​ព្រៃ)»។

ការងារ​នេះ​ផ្ដល់​កម្រៃ​ឲ្យ​លោក​ក្នុង​មួយ​ខែ​ប្រមាណ​២០​ម៉ឺន​រៀល ក្រៅ​ពី​នេះ​លោក​ក៏​ទទួល​បាន​ប្រាក់​៥​ម៉ឺន​រៀល​បន្ថែម​ពីលើ​ប្រាក់កម្រៃ​នៅ​ពេល​ជូន​ភ្ញៀវ​ទេស​ចូល​ព្រៃ​ឡើង​ភ្នំ​ម្តងៗ។ លោក ធឿន ស្រូវ ថា ភ្ញៀវ​ទេសចរណ៍​ទៅ​តំបន់​នេះ​ភាគច្រើន​គឺជា​ជនជាតិ​បរទេស លោក​មិន​ចេះ​ភាសា​អង់គ្លេស​ទេ ដូច្នេះ​ត្រូវ​មាន​អ្នក​ប្រែភាសា​ម្នាក់ទៀត​ទៅ​អម​ជាមួយ​លោក៖ «តាមពិត​គេ​ចង់​មើល បាន​គេ​អូស​សប្បាយ​រីករាយ​ពេល​ឃើញ​សត្វ​ម្តងៗ ចិត្ត​យើង​ក៏​សប្បាយ​រីករាយ​ណាស់​ដែរ»។

អង្គការ​អភិរក្ស​សត្វ​ព្រៃ ហៅ​កាត់​ថា WCS បាន​សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​ប្រជា​សហគមន៍ ដើម្បី​រួមគ្នា​ថែរក្សា និង​ការពារ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​នេះ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ។

បុគ្គលិក​ផ្នែក​ទេសចរណ៍​ធម្មជាតិ​នៃ​អង្គការ WCS លោក ខាង សឿង ដែល​បណ្ដុះបណ្ដាល​ប្រជា​សហគមន៍ ឲ្យ​ដឹង​ថា សព្វថ្ងៃ​គម្រោង ដែល​លោក​គ្រប់គ្រង​គឺ​មាន​ភារកិច្ច​បង្រៀន​ប្រជា​សហគមន៍​នៅ​ក្នុង​ភូមិ​ឲ្យ​ចេះ​នាំ​ផ្លូវ​ភ្ញៀវ​ឡើង​ភ្នំ បណ្ដុះបណ្ដាល​អ្នកស្រាវជ្រាវ​សត្វ​តូច បង្រៀន​មុខវិជ្ជា​ចុងភៅ អ្នក​យាម និង​អ្នក​សម្អាត ដែល​កិច្ចការ​ទាំងនេះ​ជា​ការ​រួមចំណែក​ផ្ដល់​សេវា​ដល់​ភ្ញៀវ​ទេសចរណ៍។ លោក​បន្ត​ថា នេះ ជា​គម្រោង​ទី​១​នៃ​ផែនការ​អភិរក្ស​ដែន​ជម្រក​កែវ​សីមា ហើយ​នៅ​ពេល​នេះ​មាន​ពលរដ្ឋ​ជាង ២០០​នាក់ បាន​ចូលរួម​គាំទ្រ​គម្រោង​នេះ៖ «យើង​បង្រៀន​ដោយ​សហការ​ជាមួយ​ដៃគូ​ដើម្បី​ឲ្យ​គាត់​ដឹង​ពី​វិធីសាស្ត្រ​ក្នុង​ការ​នាំ​ភ្ញៀវ ឲ្យ​ដឹង​ព្រៃ ដឹង​តំបន់​ដែល​មាន​សត្វព្រៃ និង​ដឹង​ភូមិសាស្ត្រ»។

ការអនុវត្ត​គម្រោង​ភូមិ​អណ្តូងក្រឡឹង គឺជា​ភូមិ​មួយ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ដែល​មាន​សង់​រៀន​ហាល​អង្គុយ​លំហែ​កាយ និង​រោង​សម្រាប់​ភ្ញៀវ​ស្នាក់នៅ។

ថវិកា​ដែល​ទទួល បាន​ពី​ភ្ញៀវ​តាមរយៈ​ការ​ផ្ដល់​សេវា​នេះ​ទុក​សម្រាប់​ការប្រើប្រាស់​នៅ​ក្នុង​សហគមន៍។

មន្ត្រី​ជំនាញ​រេដបូក​របស់​អង្គការ​អភិរក្ស​សត្វ​ព្រៃ WCS លោក យាង ដូណាល់ ដែល​ធ្វើការ​លើ​កិច្ចការពារ​ជីវចម្រុះ​នៅ​ដែន​ជម្រក​នេះ​បាន​និយាយ​ថា ដោយសារ​មាន​កិច្ចសហការ​ពី​អ្នក​ពាក់ព័ន្ធ​នានា បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​បាន​ថយ​ចុះ។ ប៉ុន្តែ​លោក​ថា ក៏​នៅ​តែ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​ដែរ ដែល​ភាគច្រើន​បង្កឡើង​ដោយ​ការទន្ទ្រាន​យក​ដី​ធ្វើ​កសិកម្ម​ពី​ជន​ចំណាកស្រុក និង​ការ​លួច​កាប់​ឈើ​ខុសច្បាប់​ពី​ជន​ខិល​ខួច៖ «ភាគច្រើន​គេ​កើត​ចេញពី​ការ​កាប់​រុករាន​យក​ដី​ធ្វើ​កសិកម្ម ហើយក៏​មានការ​កាប់​ឈើ​ខុសច្បាប់ ដែល​ជា​បញ្ហា​ធំ​ដែល​យើង​ត្រូវ​គិតគូរ​ទប់ស្កាត់​បទល្មើស​ទាំង​អស់ហ្នឹង»។

ទាក់ទង​ការបំផ្លាញ​ព្រៃឈើ​នេះ លោក ជិ រញើប ជនជាតិ​ដើម​ភាគតិច​ព្នង​ដែល​បាន​ចូលរួម​ការពារ​ជីវៈ​ជម្រក​ដែន​កែវសីមា​និយាយ​ថា ការ​រស់នៅ​របស់​ជន​ជាតិ​ដើម​ភាគតិច​មិនបាន​បំផ្លាញ​ព្រៃឈើ​ឡើយ។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​ធ្វើ​ឲ្យ​សហគមន៍​ព្រួយបារម្ភ​នោះ គឺ​ការបំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​ពី​ក្រុម​មនុស្ស​មក​ពី​ក្រៅ​តំបន់​នេះ ឬ​ខេត្ត​ផ្សេង។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​ជួប​ការ​លំបាក​ដែល​បណ្ដាល​ប្រែប្រួល​អាកាសធាតុ​ខុស​ពី​ធម្មតា៖ «ពួក​ខ្ញុំ​ជនជាតិ​ដើម​ភាគតិច​កាប់​ឈើ​ដែរ កាប់​ចម្ការ​តាម​ប្រពៃណី​ដាំ​ស្រូវ ដាំ​បន្ថែ​អី​ទេ»។

ក្នុង​កិច្ចប្រជុំ​មួយ​រវាង​អ្នក​ពាក់ព័ន្ធ និង​ប្រជា​សហគមន៍​ជាង ២០​ភូមិ​ដែល​ជា​ជន​ដើម​ភាគតិច​ព្នង​ចូលរួម។ ក្រុមការងារ​ដាក់​ផែនការ​ថ្មី ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​ទាមទារ​ឲ្យ​មានការ​ពង្រឹង​ការ​យាមល្បាត និង​បញ្ជ្រាប​ការ​យល់ដឹង​របស់​ពលរដ្ឋ​ឲ្យ​ដឹង​កាន់​តែ​ច្រើន​ទៀត​ពី​សារប្រយោជន៍​ព្រៃឈើ និង​សត្វព្រៃ។

មន្ត្រី​គម្រោង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​នៃ ក្រសួងបរិស្ថាន លោក គង់ ពុទ្ធីរ៉ា ឲ្យ​ដឹង​ថា ពេល​នេះ​អ្នក​ពាក់ព័ន្ធ​មាន​ផែនការ​បណ្ដុះបណ្ដាល​ពលរដ្ឋ​បន្ថែម ពី​របៀប​បង្កើត​តំបន់​អេកូ​ទេសចរណ៍​នៅ​ក្នុង​សហគមន៍៖ «យើង​អញ្ជើញ​គាត់​មក​ដើម្បី​បង្ហាញ​លទ្ធផល និង​ដាក់​ផែនការ​ទិសដៅ​ការងារ​ទៅ​ថ្ងៃមុខ ដើម្បី​អភិវឌ្ឍន៍ និង​អភិរក្ស​សហគមន៍»។

ដែនជម្រក​សត្វព្រៃ​កែវសីមា មាន​ផ្ទៃដី​ជាង ៣០​ម៉ឺន​ហិច​តា ពោរពេញ​ដោយ​ព្រៃឈើ គ្របដណ្ដប់​ឃុំ​៤​ក្នុងស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ជា​ជម្រក​សត្វព្រៃ​កម្រ និង​រុក្ខជាតិ​ជាង ៦០​ប្រភេទ ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​អន្តរ​ជាមួយ​ដែល​ហៅ​កាត់​ថា IUCN ដែល​ជា​ប្រភេទ​រង​ការ​គំរាមកំហែង​ឈាន​​​ទៅ​​​​រក​ការ​ផុត​ពូជ។ ដែន​ជម្រក​នេះ​មាន​សត្វ​កម្រ ៥​ប្រភេទ រួមមាន កង្កែប​អូរាំង ពស់​ព័ណ៍​បៃតង ស្វា​កន្ទុយស ទទា​ទ្រូងលឿង និង​ទោច​ថ្ពាល់​លឿង។ ក្រៅ​ពី​នេះ​ក៏​មាន​សត្វព្រៃ​ផ្សេងទៀត ដែល ជា​ពពួក​ខ្លា​ព្រៃ ទន្សោង ខ្ទីង ត្រយ៉ងយក្ស ដំរី​អាស៊ី ក្រុម​គោសាទិស និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ផ្សេងទៀត។ កត្តា​ពិសេស​មួយទៀត​ពលរដ្ឋ​រស់នៅ​តំបន់​នេះ ជា​ជន​ដើម​ភាគតិច​ព្នង ដែល​ការ​រស់នៅ​របស់​ពួកគេ​ពឹង​អាស្រ័យ​លើ​ព្រៃឈើ​ក្នុង​សហគមន៍។

ដោយ​សារភាព​សំបូរ​បែប​នៃ​ជីវចម្រុះ ការ​ថែរក្សា​ព្រៃឈើ និង​សត្វព្រៃ​នៅ​ដែន​ជម្រក​នេះ បាន​ល្អ ទើប​ឌីសនី (Disney) របស់​អាមេរិក​សម្រេច​ចុះហត្ថលេខា​ទិញ​កាបូន​រេដបូក នៅ​ដែន ជម្រក​សត្វព្រៃ​កែវសីមា​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ២,៦​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៦ រយៈពេល ២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៨។

អ្នក​ជំនាញ​បរិស្ថាន​ពន្យល់​ថា ការ​ព្រមព្រៀង​ផ្ដល់​ថវិកា​រវាង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ខ្លាំង ដែល​ការ​អភិវឌ្ឍ​​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​តាម​រយៈ​ផ្សែង​ពុល ហើយ​ប្រទេស អភិវឌ្ឍន៍​ទាំងនោះ​បាន​ផ្ដល់​ថវិកា​របស់​ខ្លួន​ទៅកាន់​ប្រទេស​ដែល​ការពារ​ព្រៃឈើ ដើម្បី​រួម​ចំណែក​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន។

ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​នេះ​មក បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​បាន​ថយ​ជា​រៀងរាល់​ឆ្នាំ បើ​ទោះ​ជា​បទល្មើស​ព្រៃ​នៅ​ក្នុង​ប្រទេស​សព្វថ្ងៃ​កំពុង​ផ្ទុះឡើង​សាជាថ្មី​ក្តី។

កាលពី​ឆ្នាំ​២០១៧ សហគមន៍​ប្រចាំ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា​បាន​ប្រកាស​ពី​ភាព​ជោគជ័យ របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​នេះ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស និង​វត្ថុតាង​ជាច្រើន​ដូចជា អន្ទាក់​សត្វ រណារ​យន្ត និង​កាំភ្លើង​កែច្នៃ​ជាដើម៕

Be the first to comment

Leave a Reply

Your email address will not be published.


*